ម្ចាស់វាសនា

 នៅជនបទដាច់ស្រយាលមួយ មានព្រឹទ្ធាចារ្យចាស់ស្រុកម្នាក់ ប្រកបដោយបញ្ញាញាណ អាចព្យាករណ៍ព្រឹត្តិការណ៍ អនាគត អតីត និង បច្ចុប្បន្ន ដោយសុក្រិត កម្រខុស។ អ្នកភូមិ អ្នកស្រុក គោរពស្រឡាញ់គាត់គ្រប់ៗគ្នា ។

ដោយឡែកក្មេងស្ទាវមួយក្រុមដែលតែងតែបង្ករឿងក្នុងភូមិ មិនពេញចិត្តព្រឹទ្ធាចារ្យទាល់តែសោះ និងរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីផ្ចាញ់លោក ប៉ុន្តែតែងតែបរាជ័យជារឿយៗ។ ថ្ងៃមួយក្រុមក្មេងស្ទាវ ជំនុំគ្នារកវិធីបំបាក់ព្រឹទ្ធាចារ្យឲ្យទាល់តែបាន។ មេក្រុមប្រកាសប្រាប់កូនចៅថា ខ្លួនមានវិធីយកឈ្នះលើព្រឹទ្ធាចារ្យហើយ គឺ....ចាប់ចាបក្តោបជាប់ក្នុងដៃរួចសួរព្រឹទ្ធាចារ្យថាតើចាបនៅក្នុងដៃនេះស្លាប់ឬរស់ បើគាត់ថាស្លាប់ យើងនឹងព្រលែងឲ្យចាបហើរចេញ បើគាត់ថារស់ យើងនឹងច្របាច់ឲ្យវាស្លាប់។ គិតគ្នាហើយ ពួកគេនាំគ្នាទៅជួបភ្នាល់ជាមួយព្រឹទ្ធាចារ្យភ្លាម។ ព្រឹទ្ធាចារ្យគ្រាន់តែសំលឹងទៅក្មេងៗទាំងនោះក៏យល់ការណ៍ ហើយឆ្លើយតបពួកគេវិញថា....ចៅអើយចាបនេះស្លាប់ ឬរស់ គឺស្ថិតលើកណ្តាប់ដៃចៅនេះឯង....។
រឿងនេះបានជាគតិថា អ្វីៗគ្រប់យ៉ាងដែលកើតឡើងក្នុងជិវិតយើង គឺយើងជាអ្នកជ្រើសរើស ។ អនាគតរបស់យើងស្ថិតក្នុងដៃយើង។ យើងជាម្ចាស់វាសនាខ្លួនឯង។

No comments

Theme images by rion819. Powered by Blogger.